១. លំនាំបញ្ហានៃការស្រាវជ្រាវ
ប្រធានបទ ការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វនេះបើស្ដាប់ទៅដូចជាងាយស្រួល តែការពិតទៅមិនដូចច្នោះទេ គឺបញ្ហានៅត្រង់ថា តើជាក់ស្ដែងនូវនិងកន្លែងកសិដ្ឋានផ្ទាល់ បានអនុវត្ដន៍នៅទ្រីស្ដីការគ្រប់គ្រងនេះហើយឬនៅ? តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ទោះបីក្នុងវិស័យអប់រំក្ដី វិស័យច្បាប់ក្ដី វិស័យសុខាភិបាលក្ដី វិស័យអភិវឌ្ឍន៍ជនបទក្ដី និងវិស័យផ្សេងៗទៀតក្ដី គឺសុទ្ធតែត្រូវការ ផ្នែកគ្រប់គ្រងនេះជាសំខាន់។ ពីព្រោះថា មានការគ្រប់គ្រងល្អ ទើបលទ្ធផលគាប់ប្រសើរ យើងសង្កេតឃើញមានកសិដ្ឋានមួយចំនួន អ្នកគ្រប់គ្រងគឺជាជនបរទេស ឯជនជាតិកម្ពុជាយើងពុំសូវមាន ជាហេតុនាំមកនូវការសិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាល។ ដូចជាកសិដ្ឋានចិញ្ចឹមសត្វកសិដ្ឋានបន្លែហាយត្រូប៉ូនិច(Hydroponics) និងកសិដ្ឋានកែច្នៃផលិតផលសម្រេច សុទ្ធតែត្រូវដោះស្រាយនៅបញ្ហាទាំងអស់ដើម្បីឱ្យការនាំចេញរលូន និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កសិផលស្ទើរតែទាំងអស់ ត្រូវបាននាំចេញទៅបណ្ដាប្រទេសជិតខាងក្នុងសភាពជាផលិតផលមិនទាន់បានកែច្នៃ។ ជំរឿនកសិកម្មជាលើកដំបូងនៅឆ្នាំ២០១៣ បានរកឃើញថា ប្រជាជនចំនួន១.៩លានគ្រួសារមានកម្មសិទ្ធិទៅលើ ធនធានកសិកម្ម។ វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ត្រូវបានរារាំងដោយចំណាយទាបជាងថវិកាវិភាជន៍ ដូច្នោះកសិករខ្នាតតូចមិនត្រូវបានជួយគាំទ្រឱ្យបានគ្រប់គ្រាន់ ដោយសារសេវាសាធារណៈដែលនៅមានកម្រិតនេះទេ។ ប្រការនេះមានន័យថា ធនធានដែលអាចប្រើប្រាស់បានជាទូទៅសម្រាប់បំរើឱ្យការវិនិយោគសាធារណៈមិនទាន់គ្រប់គ្រាន់ដែលអាចធ្វើឱ្យរាំងស្ទះដល់វឌ្ឍនភាពអភិវឌ្ឍន៍។
គោលនយោបាយសម្រាប់វិស័យកសិកម្ម ពោលគឺផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០០៦-២០១០ បង្ហាញអំពីអនុវិស័យនានាដែលមានប្រយោជន៍បំផុតចំពោះកសិករ ឧទាហរណ៍ ការកែលម្អសន្ដិសុខស្បៀង ផលិតភាព ពិពិធកម្ម ការស្រាវជ្រាវ និងសេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មការទទួលបានធាតុចូលកសិកម្មនិងទីផ្សារ ទឹក និងប្រព័ន្ធស្រោចស្រព។
ហេតុនេះហើយ សារណាបទសិក្សាស្រាវជ្រាវ ការគ្រប់គ្រងកសិដ្ឋាននេះ ត្រូវបានចង់ក្រងឡើងសម្រាប់ទុកជាឯកសារសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកគ្រប់គ្រងកសិដ្ឋាន ក៏ដូចទុកជូនប្រជាកសិករបានរៀនសូត្រនូវចំណេះដឹងបច្ចេកទេស វិធីសាស្រ្ដគ្រប់គ្រងមួយដ៍ប្រសើរ។ សរុបសេចក្ដីមកការគ្រប់គ្រង
កសិដ្ឋានបានរួមចំណែកយ៉ាងសំខាន់ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់សម្រាប់គ្រួសារ កាត់បន្ថយភាពក្រីក្ររបស់កសិករនៅជនបទ និងបង្កើននូវសុវត្ថិភាពស្បៀង។
Comments
Post a Comment